ផ្លាតូ កើតក្នុងឆ្នាំ ៤២៧មុន គ.ស.គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមី (Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច ។ ផ្លាតូគឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីការត្រិះរិះរបស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស ៕
លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ ក៏ជាអ្នកនយោបាយម្នាក់ដែរ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ។ចំណង់ចំណូលចិត្តរបស់គាត់ គឺផ្តោតទៅលើរដ្ឋនយោបាយ និងច្បាប់ ។ ធាតុទាំងនេះ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ និងសុភមង្គល ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកនយោបាយ ។ ល ។ ផ្លាតូ ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ ដោយប្រើវីធីមួយ គឺបង្កើតរដ្ឋគំរូ ដែលមានមេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ មានសុភវិនិច្ឆ័យ ។ រដ្ឋគំរូនោះ លោកផ្លាតូ បានធ្វើការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន ដូចជាទំរង់សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង ៣ នេះ គាត់ឲ្យឈ្មោះថាជាទំរង់អាក្រក់ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជាទុជនាធិបតេយ្យ(Tyranny) ។
អត្ថន័យរដ្ឋគំរូរបស់លោកផ្លាតូ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌ ក្នុងការដឹកនាំដោយជ្រើសរើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត ពីព្រោះចំណេះដឹងពិតប្រាកដ និងចិត្តសាងកុសលចំពោះអ្នកដទៃ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើសម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ ពាក្យសង្គម និងរដ្ឋ គឺរលាយចូលគ្នាក្នុងបូរី ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ ហេតុដូច្នេះហើយ បានជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ឬរដ្ឋ » ។
0 comments :
Post a Comment